សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ នឹងបើកការដ្ឋានសាងសង់នៅក្នុងខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ ការលើកឡើងរបស់សម្ដេចនេះត្រូវបានបញ្ជាក់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ ថ្លែងនៅក្នុងពិធីខាងលើសម្ដេចធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា «…ការបើកមិនចាំយូរនាំឲ្យយប់យន់សុបិនច្រើន ស្រមៃច្រើនពេក ហើយចង់ឲ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង។ អ៊ីចឹងយើងនឹងបើកការដ្ឋាននៅដើមខែ៨ (សីហា) ខាងមុខនេះដើម្បីធ្វើ»។ សម្តេចនាយករដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់ថា ព្រែកជីកនេះ ទៅថ្ងៃអនាគត នឹងក្លាយទៅជាព្រែកជីកប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរយើង ដូចដែលដូនតាយើងបានកសាងអង្គរវត្តសម្រាប់យើងនោះដែរ។ សូមជម្រាបថា តាមការសិក្សាគម្រោងនេះមានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប ដែលមាន ប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាង ផ្លូវទឹក នេះ។ ខណៈគម្រោងនេះគ្រោងចំណាយទឹកប្រាក់ប្រមាណ ១.៧ ពាន់លានដុល្លារ ស្ថិតក្នុងការវិនិយោគ (សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ) ឬហៅកាត់ថា BOT។ អ្វីដែលពិសេស នៅពេលសាងសង់រួចព្រែកជីកហ្វូណននេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា៖ កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា ការបង្កើតការបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
Sign in
Sign in
Recover your password.
A password will be e-mailed to you.
នេះគេហទំព័រគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ។ ដែលជាព្រែកជីកដែលផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សង្គមជាតិខ្មែរ។ យើងខ្ញុំជាប្រជាជនខ្មែរសូមគាំទ្រការបង្កើតអោយមានព្រែកជីកនេះយ៉ាងពេញទំហឹង។ យើងជឿថាប្រជាជនកម្ពុជានិងមានជីវភាពរីកចម្រើនមួយកម្រិតទៀតនៅពេលដែលគម្រោងនេះដាក់អោយប្រើប្រាស់។
អរគុណសន្ដិភាព និងការដឹកនាំដល់ឆ្លាតវៃរបស់រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។